បងស្រីខំប្រឹងធ្វើការរកប្រាក់ ចិញ្ចឹមប្អូនប្រុសរហូតដល់ធំពេញវ័យ ពេលប្អូនក្លាយជាសេដ្ឋី សូម្បីតែរៀបការក៏មិនអញ្ជើញបងស្រីឡើយ

នេះជាភូមិតូចមួយភាគនិរតីនៃប្រទេសចិន ក្នុងភូមិមានជាង២០គ្រួសារតែប៉ុណ្ណោះ ប្រជាជនក្នុងភូមិភាគច្រើនជាអ្នកក្រីក្រ ប៉ុន្ដែក្រលំបាកបំផុតគឺពីរនាក់បងប្អូន អាឈៀងនិងអាស៊ីវ ឪពុកម្ដាយបានស្លាប់តាំងពីពួកគាត់នៅក្មេងៗមកម៉្លេះ ចំណែកអាឈៀងមិនដែលឃើញមុខឪពុកម្ដាយឡើយ គាត់ធំដោយសារការចិញ្ចឹមមើលថែរបស់បងស្រី ទោះបីជីវិតដ៏សែនលំបាកឆ្លងកាត់ព្យុះភ្លៀងប៉ុន្ដែអាស៊ីវខំប្រឹងតស៊ូព្យាយាមផ្តល់អ្វីដែលល្អឲ្យប្អូនប្រុសជានិច្ច។
អាស៊ីវចេញទៅធ្វើការនៅទីក្រុង គឺជាការងារមនុស្សប្រុសប៉ុណ្ណោះដែលអាចធ្វើបាន ដើម្បីសន្សំប្រាក់ផ្ញើឲ្យប្អូនប្រុសសិក្សារៀនសូត្រ ចង់ឲ្យប្អូនប្រុសមានអនាគតល្អ។អាស៊ីវចិញ្ចឹមអាឈៀងអស់រយៈពេល១៨ឆ្នាំ រហូតបានរៀនចប់ថ្នាក់ទី១២ លទ្ធផលការសិក្សារបស់អាឈៀងថ្នាក់កណ្ដាល គាត់មិនដែលប្រាប់អ្វីទៅបងស្រីមួយម៉ាត់ឡើយមុននឹងគាត់សម្រេចចិត្តឈប់រៀនចេញទៅធ្វើការងារ ពេលអាស៊ីវបានដឹងរឿងនេះក៏ខឹងខ្លាំងណាស់ ប្រាប់ឲ្យអាឈៀងត្រឡប់ទៅចូលរៀនវិញ អាឈៀងរឹងរូស ហើយបាននិយាយដាក់បងស្រី៖
“តើបងចង់ឲ្យខ្ញុំទៅរៀនធ្វើអ្វី ចង់ឲ្យគេសើចចំអកខ្ញុំឬយ៉ាងណា? បងបញ្ជូនឲ្យខ្ញុំរៀនបាន ប៉ុន្ដែខ្ញុំមិនហ៊ានចេញទៅដើរលេងជាមួយមិត្តភក្តិឡើយ ព្រោះខ្ញុំគ្មានប្រាក់ បងមិនយល់អារម្មណ៍ខ្ញុំ មិនចាំបាច់និយាយទេខ្ញុំមិនទៅរៀនឡើយ” និយាយចប់គាត់ក៏ដើរចេញ ទុកឲ្យបងស្រីឈរទ្រឹង នាងមិនដែលដឹងពីមុនសោះឡើយថាប្អូនប្រុសគិតបែបនេះ។

៥ឆ្នាំកន្លងផុតទៅ ប្អូនប្រុសបានវិលត្រឡប់ចូលក្នុងភូមិ នេះជាលើកដំបូងហើយដែលគាត់វិលមកចូលផ្ទះតាំងពីគាត់ចាកចេញទៅកាលពីគ្រានោះ ប៉ុន្ដែការវិលត្រឡប់មកលើកនេះគាត់ជិះរថយន្ដស៊េរីទំនើប ព្រមទាំងមានអង្គរក្សមកជាមួយផងដែរ។
អាឈៀងចេញទៅរកការងារធ្វើ ធាតុពិតទោះបីគាត់ខំប្រឹងប៉ុនណាក៏ប្រហែលមិនអាចមានបានដូច្នេះដែរ ប៉ុន្ដែគាត់សំណាងល្អ បានជួយជីវិតថៅកែម្នាក់ ថៅកែនោះគ្មានកូនឡើយ ក៏ទទួលយកគាត់ធ្វើជាកូនធម៌ ហើយឪពុកធម៌របស់គាត់បានស្លាប់ទៅប៉ុន្មានឆ្នាំមុន រោងចក្រត្រូវក្លាយជារបស់អាឈៀង អាឈៀងជាអ្នកស្នងតែម្នាក់គត់ទើបបានជាគាត់ក្លាយជាសេដ្ឋី នេះជារឿងមិនគួរជឿសម្រាប់អ្នកនៅក្នុងភូមិ អាឈៀងបានឲ្យអង្គរក្សយកអំណោយទៅចែកជូនផ្ទះនីមួយៗ ជាពិសេសបណ្ដាមិត្តភក្តិរួមថ្នាក់ គាត់បានយកអំណោយមកឲ្យក៏ដើម្បីធ្វើឲ្យគ្រប់គ្នាដឹងថាគាត់មិនមែនក្រដូចមុនទៀតឡើយ។
មេភូមិនិយាយប្រាប់គាត់ថា៖ “ពេលនេះឯងក្លាយជាអ្នកមានហើយ មនុស្សដែលឯងគួរតែទៅអរគុណបំផុតគឺអាស៊ីវ ឯងដឹងទេថាអាស៊ីវ…” និយាយមិនទាន់ចប់ផង អាស៊ីវបានស្រែកបន្ទរឡើងថា៖ “មេភូមិ!”។អាឈៀងបែរជានិយាយថា៖ “អរគុណបងស្រីធ្វើអ្វី ក្រៅពីត្រូវបានគេសើចចំអកខ្ញុំ បងស្រីក៏មិនបានធ្វើអ្វីទៀតឡើយ”។

មេភូមិ៖ “ឯងនេះ…” ពេលងាកទៅឃើញអាស៊ីវក៏និយាយអ្វីមិនចេញ។
អាឈៀងបានធ្វើផ្ទះថ្មីធំយ៉ាងស្រស់ស្អាតភ្លែត អ្នកភូមិនាំគ្នាច្រណែនគាត់គ្រប់គ្នា ពេលធ្វើផ្ទះរួចរាល់ អាឈៀងប្រាប់ទៅអាស៊ីវថា៖ “ផ្ទះចាស់ដែលសល់ពីកេរពុកម៉ែខ្ញុំលើកឲ្យបង ប្រាក់៧,៥០០ដុល្លារនេះខ្ញុំសងបងវិញ” និយាយចប់គាត់ក៏ដើរចេញទៅ សល់តែអាស៊ីវឈរកាន់ប្រាក់៧,៥០០ដុល្លារ ឈរនៅទ្រឹងត្រង់នោះ។

មើលទៅអាស៊ីវនិងអាឈៀងប្រៀបដូចជាមនុស្សមិនដែលស្គាល់គ្នា អាឈៀងមិនចាប់អារម្មណ៍អាស៊ីវ អាស៊ីវក៏មិនទៅហ៊ានប្រាប់ប្អូនប្រុសឡើយ អ្នកភូមិគ្រប់គ្នាគេមិនហ៊ាននិយាយអ្វីឡើយ អ្នកណាទៅដឹងថាពេលនេះអាឈៀងក្លាយជាថៅកែធំ។
អាឈៀងក៏មិនអាចរស់នៅទីនេះបានគ្រប់ពេលវេលានោះទេ ប៉ុន្ដែពេលគាត់វិលត្រឡប់មកម្ដងទៀតគាត់បាននាំកូនក្រមុំមករៀបការផងដែរ ទោះបីគាត់បានរៀបការរួចហើយក៏ដោយ ប៉ុន្ដែគាត់ក៏ចង់មករៀបការនៅក្នុងភូមិម្ដងទៀត ហើយពិធីរៀបការលើកនេះ មនុស្សម្នាក់ក្នុងភូមិដែលគាត់មិនប្រាប់អញ្ជើញនោះគឺបងស្រីរបស់គាត់។

នៅថ្ងៃពិធីរៀបមង្គលការ អ្នកនៅក្នុងភូមិគ្មានអ្នកណាបានឃើញអាស៊ីវឡើយ មេភូមិក៏បានទៅសួរអាឈៀង៖ “ចុះអាស៊ីវ ហេតុអ្វីមិនមកចូលរួមក្នុងពិធី?”។
“ខ្ញុំអត់បានអញ្ជើញគាត់ទេ”។
“ប៉ុន្ដែនាងជាបងស្រីរបស់ឯងណា”។
ស្អីគេ? បងមានបងស្រីផងហ៎? ភរិយារបស់គាត់សួរ៖ “អាឈៀង ឯណាបងប្រាប់ថាបងជាកូនកំព្រា នៅតែម្នាក់ឯង ចុះមានបងស្រីមកពីណាទៀត?”។
“អត់មានទេ ខ្ញុំគ្មានបងស្រីទេ”។

“ឯងនេះចិត្តខ្មៅណាស់ ថ្ងៃនេះអញធ្វើឲ្យឯងដឹងដៃម្ដង” មេភូមិលើកឈើច្រត់ឡើងបម្រុងនឹងវ៉ៃគាត់ ប៉ុន្ដែពេលនោះអាស៊ីវបានស្រែកដង្ហោយពីក្រោយថា៖ “មេភូមិ កុំ!”“អាស៊ីវអើយ ឯងមើលប្អូនឯងនេះចុះ ចិញ្ចឹមអស់តែបាយ អ៊ំបានប្រាប់តាំងពីដំបូងហើយថាមិនចាំបាច់ចិញ្ចឹមវាទេ អ៊ំត្រូវតែនិយាយឲ្យអាប្អូនគ្មានខួររបស់ឯងបានដឹង” អាស៊ីវខំប្រឹងហាមតែហាមមិនឈ្នះ។ មេភូមិប្រាប់អាឈៀងថា៖ “ឯងនិយាយក៏មិនខុសទេ ពិតណាស់ឯងជាក្មេងកំព្រាគ្មានសាច់ញាតិឯណាឡើយ អាស៊ីវគេមិនមែនជាបងស្រីបង្កើតរបស់ឯងទេ កាលនោះអ្នកភូមិបានជួបប្រទះក្រណាត់រុំដែលមានឯងដេកនៅខាងក្នុង ទើបដឹងថាឯងជាក្មេងដែលត្រូវបានគេយកមកចោល ប៉ុន្ដែដោយសារអ្នកភូមិមានជីវភាពក្រលំបាកគ្មានអ្នកណាហ៊ានយកឯងមកចិញ្ចឹមឡើយ ប៉ុន្ដែអាស៊ីវជាក្មេងកំព្រាម្នាក់ដែលមានអាយុ១២ឆ្នាំ បានលើកឯងបីយកទៅផ្ទះ ចំណែកឈ្មោះរបស់ឯងអញនេះហើយជាអ្នកដាក់ឲ្យ អាស៊ីវថា ឯងជាក្មេងកំព្រាក៏ចិញ្ចឹមឯងរហូតដល់ធំ ឯងកុំស្មានថាឯងរកកាងារធ្វើបានស្រួលៗនោះ ការពិតបងស្រីរបស់ឯងបានទៅសុំអង្វរគេឲ្យឯងបានចូលធ្វើការ ហើយព្រមទាំងយកប្រាក់ឲ្យគេ ដើម្បីឲ្យគេយកប្រាក់នោះធ្វើជាប្រាក់ខែរបស់ឯង ប៉ុន្ដែពេលនេះឯងបែរជាមនុស្សរមិលគុណ តើឯងមិនសមជាមនុស្សទេ!?”។អាស៊ីវឈរយំនៅក្បែរៗនោះ មេភូមិនិយាយរឿងពិតដែលបានកើតឡើងចេញមកទាំងអស់ អាឈៀងឈរនៅក្បែរនោះស្រឡាំងកាំងនិយាយអ្វីមិនចេញ ការពិត ការពិត…។

Add a Comment